តូក្យូ៖ ប្រទេសកូរ៉េខាងជើង ថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះបានចម្ងាយ ៤៦០០ គីឡូម៉ែត្រ ដែលជាចម្ងាយផ្ដេកវែងបំផុត សម្រាប់មីស៊ីលដែលផលិតដោយប្រទេសនេះ។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានថ្កោលទោសសកម្មភាព របស់កូរ៉េខាងជើងថា ជាការគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូល បានលើកឡើងថា រដ្ឋាភិបាលក្រុងតូក្យូ បានធ្វើការតវ៉ាជាមួយទីក្រុងព្យុងយ៉ាង ជុំវិញការបាញ់មីស៊ីលតាមរយៈស្ថានទូតក្នុងទីក្រុងប៉េកាំង ដោយបន្ថែមថា ប្រទេសជប៉ុន មិនបានព្យាយាមបំផ្លាញមីស៊ីលនោះទេ ព្រោះការខូចខាតរបស់ប្រទេសនេះ មិនត្រូវបានរំពឹងទុក។
ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កាំជ្រួចបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុនចម្ងាយប្រហែល ៣០០០គីឡូម៉ែត្រភាគខាងកើត នៃប្រទេសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នៅក្នុងនោះដែរ នាយករដ្ឋមន្ត្រី Fumio Kishida បានលើកឡើងថា ប្រទេសជប៉ុន “តវ៉ាយ៉ាងខ្លាំង” ប្រឆាំងនឹងការបាញ់មីស៊ីលចុងក្រោយបង្អស់ ដែលលោកបាន “ខឹងសម្បារ” យ៉ាងខ្លាំង។
នៅព្រឹកព្រលឹមថ្ងៃនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសអាសន្នមួយ ដោយដាស់តឿនប្រជាជននៅកោះ Hokkaido ភាគខាងជើងបំផុត របស់ប្រទេសជប៉ុន និងខេត្ត Aomori ភាគឦសានរបស់ប្រទេសនេះ ឲ្យស្នាក់នៅក្នុងអគារ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ណាមួយកើតឡើង៕ ប្រែសម្រួល ឈូក បូរ៉ា