កីឡា

សម្ដេចតេជោ ៖ តំបន់អាស៊ីមានប្រជាជនច្រើន តែមិនប្រាកដថា ពូកែប្រកួតទទួលបានពានរង្វាន់ អូឡាំពិកពិភពលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកត់សម្គាល់ថា នៅតំបន់អាស៊ី មានប្រជាជនច្រើនក៏ពិតមែន តែក៏មិនប្រាកដថា មានប្រជាជនពូកែៗ សម្រាប់ប្រកួត ទទួលបានពានរង្វាន់ អូឡាំពិកពិភពលោកឡើយ ។

ក្នុងជំនួបពិភាក្សាជាមួយលោក Raja Randhil Singh ប្រធានស្ដីទី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា «តំបន់អាស៊ីយើង ពិតមែនមានប្រជាជនច្រើន ក៏ប៉ុន្តែមិនប្រាកដថា មានប្រជាជនពូកែៗ សម្រាប់ប្រកួត ទទួលបានពានរង្វាន់ អូឡាំពិកពិភពលោក នៅឡើយទេ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ទោះជាយ៉ាងណា ការប្រកួតយកមេដាយជាកត្តាមួយ តែកត្តាមួយទៀត ដែលសំខាន់ដែរនោះ គឺកត្តាសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ភ្ជាប់ក្នុងការគោរព សីលធម៌កីឡានៅពេលប្រកួត។

នៅក្នុងជំនួបនេះ លោក Raja Randhil Singh បានលើកឡើងថា លោកពិតជារីករាយ ដែលបានដឹកនាំគណៈប្រតិភូកីឡា អញ្ជើញចូលរួម មហាសន្និបាតនៅកម្ពុជា ។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះ សម្ដេចតេជោដែល បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន ជាមួយនឹងមានការអភិវឌ្ឍ វិស័យកីឡា និងមានពហុកីឡដ្ឋានជាតិ មរកតតេជោយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅពេលខាងមុខ។ លោកមានជំនឿយ៉ាងមុតមាំ លើសមត្ថភាពកម្ពុជា ក្នុងការរៀបចំកិច្ចប្រកួត Sea Games នៅពេលខាងមុខ ទទួលបានជោគជ័យ៕

To Top