ព័ត៌មានអន្តរជាតិ

រុស្ស៊ី កេណ្ឌទ័ពថ្មីបានជាង ២សែននាក់ រយៈពេលជិត២សប្តាហ៍

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសក្នុងអំឡុងការហៅ សន្និសិទមួយ កាលពីថ្ងៃអង្គារថា ផែនការកេណ្ឌទ័ពផ្នែកខ្លះរបស់រុស្ស៊ី គឺរួចរាល់ជាងពីរភាគបីហើយ។ វាកើតឡើងជិតពីរសប្តាហ៍ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យពង្រឹងយោធា ចំពេលមានជម្លោះ ដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ របស់រុស្ស៊ីរូបនេះ បាននិយាយថា រហូតមកដល់ពេលនេះមនុស្សជាង ២០០ ០០០នាក់ ត្រូវបានបន្ថែម ទៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលពួកគេទាំងអស់ កំពុងស្ថិតនៅក្រោម ការបណ្តុះបណ្តាលចាំបាច់។

លោក Shoigu បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យផ្តល់ឱ្យអ្នកជ្រើសរើសដែលបានប្រមូលផ្តុំ នូវសម្លៀកបំពាក់ និងរបស់របរចាំបាច់ទាំងអស់ ហើយតែងតាំងពួកគេឱ្យកាន់តំណែងយោធា។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក៏មានអ្នកស្ម័គ្រចិត្តមួយចំនួនធំ បង្ហាញមុខនៅគណៈកម្មការយោធាដែលចង់ចូល បម្រើកងទ័ពផងដែរ ហើយបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃការអំពាវនាវ នីមួយៗ ដោយប្រុងប្រយ័ត្ន និងមិនត្រូវបដិសេធនរណាម្នាក់ឡើយ លុះត្រាតែមានហេតុផល ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ ណៃ តុលា

To Top