ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រឹបអូសនាវារត់ពន្ធប្រេងឥន្ទនៈជាង ២៥ម៉ឺនលីត្រ ក្នុងដែនទឹករបស់ខ្លួន

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានរឹបអូសនាវាមួយគ្រឿង សម្រាប់ការរត់ពន្ធប្រេងជាង ២៥ម៉ឺនលីត្រនៅក្នុងដែនទឹកអ៊ីរ៉ង់នៃឈូងសមុទ្រពែក្ស និងបានឃាត់ខ្លួនអ្នករត់ពន្ធម្នាក់។

ISNA បានដកស្រង់សម្តីលោក Mojtaba Ghahremani ប្រធានយុត្តិធម៍នៃខេត្ត Hormuzgan ភាគខាងត្បូងអ៊ីរ៉ង់ថា នៅពេលកំណត់អត្តសញ្ញាណនាវានោះ កងកម្លាំងទ័ពជើងទឹក IRGC បានចាប់យកនាវាភ្លាមៗ ក្រោមការសម្របសម្រួលផ្នែកតុលាការជាមួយអាជ្ញាធរមូលដ្ឋាន។

លោក Ghahremani បានលើកឡើងថា បន្ទាប់ពីត្រួតពិនិត្យនាវា កងកម្លាំងទ័ពជើងទឹកបានរកឃើញថា នាវាបានរត់ពន្ធប្រេងជាង ២៥ម៉ឺនលីត្រចេញពីប្រទេសអ៊ីរ៉ង់ ហើយបានចាប់ខ្លួនអ្នករត់ពន្ធម្នាក់ ដោយបន្ថែមថា នាវាប្រេងឥន្ធនៈ ដែលរត់ពន្ធត្រូវបានរឹបអូសដោយយោងតាមច្បាប់របស់ប្រទេសអ៊ីរ៉ង់។

ដោយសារការឧបត្ថម្ភធន ដែលរដ្ឋាភិបាលផ្តល់ឲ្យលើតម្លៃប្រេងឥន្ធនៈក្នុងប្រទេសអ៊ីរ៉ង់ ការរត់ពន្ធប្រេងចេញពីប្រទេសបានក្លាយជាអាជីវកម្មរកប្រាក់កម្រៃ ប៉ុន្តែខុសច្បាប់។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងកម្លាំងជើងទឹកអ៊ីរ៉ង់ បានរឹបអូសកប៉ាល់មួយចំនួនធំ ដែលមានប្រេងរត់ពន្ធនៅលើនាវា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top