ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ អ៊ីរ៉ង់ ៧រូប ជុំវិញ​តួនាទី​ ក្នុងការ​បង្ក្រាប​ការតវ៉ា​ក្នុងស្រុក​

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក​ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លើតួនាទីរបស់ពួកគេ ក្នុងការបិទការចូលប្រើអ៊ីនធឺណិត នៅក្នុងប្រទេស និងក្នុងការទទួលយកវិធានការ “ហិង្សា” ផ្សេងទៀត ដើម្បីលុបបំបាត់ការតវ៉ាក្នុងស្រុក ដែលកំពុងបន្តដែលបង្កឡើង ដោយការស្លាប់របស់ក្មេងស្រីវ័យក្មេងម្នាក់។

សរុបមក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៧រូបត្រូវបានចាត់តាំង ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស របស់ក្រសួងរតនាគារ (OFAC) សម្រាប់ការដាក់ទណ្ឌកម្ម រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ahmad Vahidi រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Eisa Zarepour ក៏ដូចជាមន្ត្រីចំនួន ៥នាក់នៅក្នុងសេវាសន្តិសុខ របស់ប្រទេសអ៊ីរ៉ង់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជាលទ្ធផលនៃសកម្មភាពថ្ងៃនេះ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់ នៅក្នុងទ្រព្យសម្បត្តិរបស់បុគ្គលទាំងនេះ ដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬនៅក្នុងកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់បុគ្គលអាមេរិក ត្រូវតែត្រូវបានរារាំង ហើយរាយការណ៍ទៅ OFAC” ។ “លើសពីនេះទៀត អង្គភាពណាមួយ ដែលជាកម្មសិទ្ធិដោយផ្ទាល់ ឬដោយប្រយោល ៥០ភាគរយ ឬច្រើនជាងនេះ ដោយបុគ្គលដែលត្រូវបានរារាំងម្នាក់ ឬច្រើននាក់ក៏ត្រូវបានរារាំងផងដែរ”។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​ស្លាប់​កាល​ពី​ខែ​មុន​របស់​នារី​អ៊ីរ៉ង់​ អាយុ ២២ ឆ្នាំ Mahsa Amini។ Amini បានស្លាប់ខណៈពេលដែលនៅក្នុងមន្ទីរឃុំឃាំង របស់ប៉ូលីសរបស់ប្រទេសអ៊ីរ៉ង់ ដែលបានឲ្យដឹងថា នាងមិនបានពាក់មួកអ៊ីស្លាម ដែលត្រូវបានគេស្គាល់ថាជា hijab ឱ្យបានត្រឹមត្រូវ។

ការស្លាប់របស់ Amini បានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលដែលស្ត្រី ត្រូវបានគេមើលឃើញថា បានដោះស្បៃមុខចេញ និងក៏មានការដុតស្បៃមុខផងដែរ។

នៅក្នុងនោះដែរ លោក Nasser Kanaani អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា ​បាន​ប៉ុនប៉ង​យូរ​មក​ហើយ​ដើម្បី​បំផ្លាញ​ស្ថិរភាព និង​សន្តិសុខ​របស់​អ៊ីរ៉ង់៕​ប្រែសម្រួល ឈូក បូរ៉ា

To Top