ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខជនបន្តវេន នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត បានលើកឡើងថា ការពង្រឹងសមត្ថភាព សិស្សពីថ្នាក់បឋមដល់ថ្នាក់ទី១២ គឺជាគ្រឹះដ៏ធំ សម្រាប់កសាងធនធានមនុស្ស។
តាមរយៈវីដេអូជាង៧នាទី ដែលបង្ហោះលើហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពល ដល់ការអប់រំរបស់ក្មេង។ បរិស្ថានទាំង៣នោះ រួមមាន៖ គ្រួសារ សាលា និងសង្គម។
លោកថា គ្រួសារមានឪពុកម្តាយ និងយាយតា ជាអ្នកអប់រំដ៏សំខាន់ទី១ សម្រាប់កូន ជាពិសេសផ្នែកសីលធម៌ និងចរិយាធម៌សម្រាប់ការរស់នៅ។
លោក ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍សម្រាប់លោក ពេលនៅពីក្មេងក្រៅតែសិក្សាពីសាលាហើយនោះ លោកតែងទទួលការអប់រំ ពីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធសីលធម៌ គឺមិនត្រូវឆ្មើងឆ្មៃ និងមើលងាយអ្នកដទៃជាដាច់ខាត។ បន្ទាប់ពីគ្រួសារ គឺសាលា ដែលជាកន្លែងផ្តល់ការអប់រំ ចំណេះដឹង បូករួមជាមួយសីលធម៌ សុជីវធម៌ និងគុណធម៌ជាដើម។ ក្រៅពីគ្រួសារ សាលាហើយនោះ បរិស្ថានសង្គមជុំវិញខ្លួន ក៏ជាកន្លែងជះឥទ្ធិពលការយល់ដឹងផ្សេងៗ ទៅដល់ក្មេងៗផងដែរ ដែលត្រូវយកចិត្តទុកដាក់។
លោកគូសបញ្ជាក់យ៉ាងដូច្នេះថា “ការអប់រំធនធានមនុស្សយើង បើពង្រឹងបានថ្នាក់បឋមដល់ថ្នាក់ទី១២ វាជាមូលដ្ឋានគ្រឹះធំណាស់នៅក្នុងការកសាង ធនធានមនុស្សមួយ មានសមត្ថភាព គុណធម៌ សីលធម៌ គ្រប់គ្រាន់សម្រាប់ធ្វើការវិភាគចាប់យកអ្វីល្អ មិនល្អ សិទ្ធិសេរីភាពរបស់គាត់ ដោយការទទួលខុសត្រូវ នាពេលអនាគតសម្រាប់ជាតិរបស់យើង”។
លោក ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ថា បើមានការអប់រំមួយដ៏ល្អ ក្នុងកម្រិតបឋមដល់ថ្នាក់ទី១២ នឹងធ្វើឱ្យសិស្សមានការយល់ដឹង និងបំណិនជីវិតផ្សេងៗ ក្នុងការវិភាគ គិត និងពិចារណាលើបញ្ហាទាំងឡាយក្នុងសង្គម មុននឹងពួកគេទទួលយករឿងអ្វីមួយ។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញបំណងចង់ឃើញ ការកំណត់ទិសដៅ មួយច្បាស់លាស់ លើវិស័យអប់រំ ក្នុងគ្រាដែលថវិកាជាតិ ត្រូវបានចំណាយកាន់តែធំ សម្រាប់វិស័យកសាងធនធានមនុស្សនេះ៕