ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជារដ្ឋមន្ត្រីស្ដីទី ក្រសួងកសិកម្ម ចុះអន្តរាគមន៍បន្ទាន់ ជួយពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាលោកឧបនាយករដ្ឋអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋដែលលិចលង់ដំណាំស្រូវ និងដំណាំរួមផ្សំនានាដោយ សារជំនន់ទឹកភ្លៀង។

ការចេញបញ្ជារបស់សម្តេចនេះ ក្រោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឡើងជារដ្ឋមន្រ្តីស្តីទី នៃក្រសួងកសិកម្មថ្មីជំនួស លោក វេង សាខុនដែលត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីល្ងាចថ្ងៃ៨ តុលា។

បន្ទាប់ពីឡើងជារដ្ឋមន្រ្តីស្តីទីមិនបានប៉ុន្មានម៉ោងផង តាមរយៈសារជាសំឡេង នាយប់ថ្ងៃ៨ តុលា សម្ដេចតេជោ បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ត្រូវចាត់មន្ត្រីជំនាញរបស់ក្រសួង ដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយខេត្ត ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឲ្យបានឆាប់ អំពីការខូចខាតទាក់ទងដំណាំស្រូវ ក៏ដូចជា ដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាល អាចបញ្ចេញយ៉ាងលឿនស្រូវ ទៅកាន់គោលដៅ ដែលស្រូវខូចខាត ដើម្បីឲ្យប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។ 

សម្តេចតេជោគូសបញ្ជាក់ថា “នេះជាអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវរបស់យើង។ ទឹកមិនទាន់អស់នៅឡើយទេ កន្លែងខ្លះនៅមានលទ្ធភាពដែលអាចធ្វើទៅបាន ហើយកន្លែងខ្លះក៏មិនអាចធ្វើស្រូវបាន ក៏អាចជំនួសទៅដោយពូជមួយចំនួន ដែលរាជរដ្ឋាភិបាលបានបម្រុងទុក”។

សម្ដេចតេជោក៏បានអំពាវនាវ ឲ្យមានកិច្ចសហការជាបន្ទាន់ រវាងក្រសួងកសិកម្ម អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងពូជដំណាំទៅកាន់គោលដៅផង។ នេះជាកិច្ចការបន្ទាន់ចាំបាច់ត្រូវធ្វើ កុំបណ្ដែតបណ្ដោយឲ្យទឹកស្រកហួស ហើយគ្មានប្រភពទឹក ដើម្បីនឹងបង្កបង្កើនផលបន្ថែម៕

To Top