ព័ត៌មានអន្តរជាតិ

អាមេរិក ឆ្លើយតបនឹងអ៊ុយក្រែនវិញថា ខ្លួនមិនចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរបស់អ៊ុយក្រែន ឬវាយប្រហារលើកងកម្លាំងរុស្ស៊ីឡើយ

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងមិនចូលរួមដោយផ្ទាល់នៅក្នុងអរិភាព រវាងទីក្រុងមូស្គូ និងទីក្រុងគៀវនោះទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យលោកខាងលិចធ្វើ “ការវាយប្រហារការពារ” ប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីការអំពាវនាវចុងក្រោយ របស់មេដឹកនាំអ៊ុយក្រែន ទៅកាន់លោកខាងលិច អ្នកនាំពាក្យរង របស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានចេតនាចូលរួម ក្នុងការប្រយុទ្ធនោះទេ។

លោកបានបញ្ជាក់សារជាថ្មី ដោយបន្ថែមថា សាររបស់វ៉ាស៊ីនតោនអំពីបញ្ហានេះ គឺច្បាស់លាស់ណាស់ “ដរាបណាសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់យើង មិនត្រូវបានវាយប្រហារ យើងនឹងមិនចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះនេះដោយការដាក់កងទ័ពអាមេរិក ទៅប្រយុទ្ធនៅអ៊ុយក្រែន ឬវាយប្រហារកងកម្លាំងរុស្ស៊ីនោះទេ”  ៕ សម្រួលៈ ណៃ តុលា

To Top