ភ្នំពេញ ៖ ក្រសួងសុខាភិបាល ពិនិត្យឃើញ មានការចែកចាយ និងលក់វ៉ាក់សាំង INDIRAB mcf គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងវ៉ាក់សាំង INDIRAB មានលេខបញ្ជីកា CAM R1 0376 IV-12 ដែលចែកចាយដោយក្រុមហ៊ុន VAC PHARMA Co., LTD។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ បានឱ្យដឹងថា «អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឧសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផល ដែលមានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកា ពីក្រសួងសុខាភិបាល ។ ដូច្នេះសូមប្រជាពលរដ្ឋ មុននឹងទិញ ឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្រ បញ្ញិកាដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ,២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំរូភ្ជាប់មកជាមួយ»។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់វ៉ាក់សាំង ដែលគ្មានលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះវ៉ាក់សាំងនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាវ៉ាក់សាំងក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់វ៉ាក់សាំងខាងលើនេះ ជាបន្ទាន់ ។ ក្រសួងសុខាភិបាល នឹងមានវិធានការ តឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ ឬលក់វ៉ាក់សាំងគ្មាន លេខបញ្ញិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕