បរទេស ៖ អភិបាលក្រុងគៀវ លោក Vitaly Klitschko បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា មីស៊ីលរុស្ស៊ី បានវាយប្រហារគោលដៅ ជាច្រើននៅកណ្តាលទីក្រុងគៀវ នៅព្រឹកថ្ងៃចន្ទ ហើយ លោកបានជំរុញ ឲ្យប្រជាពលរដ្ឋស្វែងរកទីជម្រក និងចៀសវាងការ ធ្វើដំណើរទៅរាជធានី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន បាននិយាយថា មីស៊ីលបានវាយប្រហារ ផ្លូវ Vladimirskaya ជាកន្លែងដែលការិយាល័យសំខាន់ នៃសេវាសន្តិសុខអ៊ុយក្រែន (SBU) មានមូលដ្ឋាននៅទីនោះ ។
លោក Gerashchenko បានចែករំលែកវីដេអូនៅលើ Telegram ដែលបង្ហាញពីពពកផ្សែងហុយឡើងពីលើមេឃ ហើយបាននិយាយថា រថយន្តស៊ីវិល ជាច្រើនត្រូវបានបំផ្លាញ។
ទីប្រឹក្សាបានបន្ថែមថា សេវារថភ្លើងក្រោមដីត្រូវបានផ្អាកមួយផ្នែកនៅក្នុងទីក្រុងគៀវ ហើយស្ថានីយ៍ក្រោមដីទាំងអស់ឥឡូវនេះកំពុងបម្រើជាជម្រក។ បើតាមលោក Gerashchenko ក្រោយមកបាននិយាយថា ជនស៊ីវិល ៥ នាក់ត្រូវបានសម្លាប់និង ១២ នាក់រងរបួសនៅក្នុងរដ្ឋធានី៕
ប្រែសម្រួលៈ ណៃ តុលា
