ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។
លោក Musk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះមួយដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស”។
នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter ដែលមានឈ្មោះថា Max Tegmark បានសរសេរថា “នេះជាមូលហេតុដែលខ្ញុំគិតថាឥឡូវនេះមានឱកាស១ក្នុងចំណោម ៦ នៃសង្គ្រាមសកលដែលជិតមកដល់ ហើយហេតុអ្វីបានជាខ្ញុំពេញចិត្តចំពោះ @elonmusk និងអ្នកផ្សេងទៀត ដែលជំរុញឱ្យមានការកើនឡើង។”
លោក Tegmark បានចែករំលែកអត្ថបទប្លក់ដែលលោក បានចែករំលែកនៅក្នុងសាររបស់លោក ដែលលោកបានសរសេរអំពីសេណារីយ៉ូសម្មតិកម្ម ដែលពាក់ព័ន្ធនឹងលទ្ធផលនៃប្រទេសរុស្ស៊ី ដែលបង្កើនភាពតានតឹង និងការឆ្លើយតបដែលអាចធ្វើទៅបានដោយណាតូ និងលោកខាងលិច។
នាពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានសម្រេចជោគជ័យជាច្រើន ប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ខណៈដែលខ្លួននៅតែបន្តដណ្តើមយកទឹកដីមួយចំនួនឡើងវិញ។ ជោគជ័យរបស់អ៊ុយក្រែន ក៏រួមបញ្ចូលប្រតិបត្តិការវាយលុករបស់ខ្លួននៅក្នុងតំបន់ផ្សេងទៀតផងដែរ រួមទាំងតំបន់ភាគខាងកើត Kharkiv, Luhansk និង Donetsk ៕
ប្រែសម្រួល ឈូក បូរ៉ា