កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះថា ពិធីប្រណាំងទូក « ង » ទ្រង់ទ្រាយធំ បណ្ដែតប្រទីប អុចកាំជ្រួច និង តាំងពិព័រណ៍ រយ:ពេល ៣ ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិ ជិត ៤ សែន នាក់ បានមកចូលរួមទស្សនាកំសាន្ត នៅក្នុងខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំជ្រូច ដែលបានប្រារព្ធធ្វើឡើងរយៈពេល ៣ ថ្ងៃកន្លងទៅនេះ គឺថ្ងៃទីមួយ មានភ្ញៀវ ៦៨,៨៨៩ នាក់ , ថ្ងៃទីពីរ មានភ្ញៀវ ២៤៨,០២៥ នាក់ និងថ្ងៃទីបី មានភ្ញៀវ ៧២,០៧៧ នាក់ ។ ដូច្នេះសរុប ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួម ទស្សនាកម្សាន្ត ចំនួន ៣៨៨,៩៩៧ នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៤៦២ នាក់ផងដែរ ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំរយៈពេល ៣ ថ្ងៃ នេះ គឺដំណើរការទៅដោយជោគជ័យដូចការគ្រោងទុក ។ ក្នុងនោះដែរ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ បង្កើតបរិយាកាស សប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកចូលរួមកំសាន្តនៅក្នុងខេត្តកំពង់ចាមរបស់យើង។
លោកអភិបាលខេត្ត បានបន្ថែមថា ការរៀបចំពិធីប្រណាំងទូក តាំងពិពណ៌ បណ្ដែតប្រទីប អុជកាំជ្រួចនេះដែរ រដ្ឋបាលខេត្ត មានគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់ សុខសន្តិភាព ៕