ដាម៉ាស់៖ ទូរទស្សន៍ Press TV របស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសស៊ីរី បានថ្កោលទោសការប្លន់ យកប្រេងរបស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួនថាជា “ទង្វើនៃការលួចប្លន់ និងការប៉ុនប៉ងវិលត្រឡប់ ទៅកាន់សម័យអាណានិគម” ។
ក្រសួងការបរទេស និងជនបរទេសស៊ីរី បានឲ្យដឹងថា ការរត់ពន្ធប្រេងរបស់សហរដ្ឋអាមេរិក និងផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះទង្វើបែបនេះ។
ការថ្កោលទោសរបស់ប្រទេសស៊ីរី បានកើតឡើងមួយថ្ងៃបន្ទាប់ពី កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ៥០គ្រឿងដែលលួចពីខេត្ត Hasakah ភាគឦសានរបស់ប្រទេសស៊ីរី ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាង ៕
ប្រែសម្រួល ឈូក បូរ៉ា