នយោបាយ

លោក គង់ គាំ៖ លោកខាងលិច និងលោកខាងកើត នៅតែប្រើកម្ពុជា ដើម្បីភូមិសាស្ត្រនយោបាយខ្លួន

ភ្នំពេញ៖ លោក គង់ គាំង អតីតអ្នកនយោបាយជើងចាស់ មកពីគណបក្សសង្រ្គោះជាតិ ហើយបច្ចុប្បន្នជាទីប្រឹក្សាគណបក្សឆន្ទៈខ្មែរ ដែលកូនប្រុសរបស់លោក ឈ្មោះ គង់ ម៉ូនីកាជាប្រធាន បានលើកឡើងថា លោកខាងលិច និងលោកខាងកើត នៅតែប្រើប្រាស់កម្ពុជា ដើម្បីភូមិសាស្ត្រនយោបាយ របស់ពួកគេមិនឈប់ឈរឡើយ។

លោកថា ក្នុងនោះ មជ្ឈដ្ឋានដែលមានកម្រិត វិទ្យាសាស្ត្រនយោបាយបានប្រើពាក្យថា សហរដ្ឋអាមេរិកជួយ ទាញកម្ពុជាពីចិនរហូតដល់ថា សហរដ្ឋអាមេរិកជួយ រំដោះឥណ្ឌូចិនពីចិនជាដើម។ នេះបើតាមការហ្វេសប៊ុក របស់លោកនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោកបន្តថា បុព្វកឋាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ចែងថា មិនឲ្យរបបអតីតកាលវិលត្រឡប់ ចំណែកឯបុព្វកឋា នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ក៏ចែងថា ក្នុងអំឡុងពីរទសត្សរ៍ចុងក្រោយ ប្រជារាស្ត្រខ្មែរ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយ មហាសែនសោកស្តាយ។

ប៉ុន្តែលោកថា ទោះជាយ៉ាងណា ចំពោះសោកនាដកម្ម វិនាសកម្ម ឧក្រិដ្ឋកម្មក្នុងរបបសាធារណរដ្ឋខ្មែរ(លន់ នល់) ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា(៧ មករា) ដែលមានសាធារណរដ្ឋប្រជាមានិតចិន ដែលមានសហភាពសាធារណរដ្ឋ សង្គមនិយមសូវៀត និងវៀតណាមនៅពីក្រោយ (គ្មានបរទេសណាជាអ្នកទទួលខុសត្រូវទេ) តែគឺជាការទទួលខុសត្រូវដោយផ្ទាល់ របស់មេដឹកនាំខ្មែរគ្រប់និន្នាការ និងគ្រប់ដំណាក់ជានិច្ច។

លោក គង់ គាំ បន្ថែមថា ជាង២០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានជួបបុព្វបទថ្មីម្តងទៀត ដែលគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអំណាច និងប្រទេសចិន ជាមួយមធ្យោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយនៅម្ខាង និងម្ខាងទៀតជាអតីត CNRP គណបក្សប្រឆាំងធំជាងគេ ដែលក្រោយការបោះឆ្នោតឆ្នាំ២០១៣ បានប្រើកម្លាំងប្រជាពលរដ្ឋក្រៅសំឡេងឆ្នោត និងអំពើហិង្សាដើម្បីទារ នាយករដ្ឋមន្ត្រីស្របច្បាប់ចុះចេញពីតំណែង ។

លោកសង្កត់ធ្ងន់ថា បន្ទាប់ពីការរំលាយមានក្រុមអតីតមេដឹកនាំ CNRP មួយចំនួនទាំងនៅក្រៅ ទាំងនៅក្នុងប្រទេស ក្រោមរូបភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ឬគម្រោងដឹកនាំរដ្ឋប្រហារចូលចាប់ ចូលផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា កំពុងកាន់អំណាចជាផ្លូវការហើយមាន អន្តរជាតិគឺសហភាពអឺរ៉ុបជាមួយមធ្យោបាយ EBA និងសហរដ្ឋអាមេរិកជាមួយមធ្យោបាយផ្សេងៗ និងGSP ជាសម្ពាធ ដើម្បីគោលដៅស្តាររបបប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ៕

To Top