ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងឲ្យដឹងថា ក្នុងក្របខណ្ឌអាស៊ាន ទាំងពេលបច្ចុប្បន្ន និងអនាគត ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការ ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។
ក្នុងកិច្ចប្រជុំកំពូលស្ដ្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ដ្រីនៅក្នុងអាស៊ាន» នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ សម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ាន គឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួម ដ៏សកម្មរបស់ស្ត្រី។ សេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និងមធ្យមដែលដឹកនាំដោយស្ត្រី។
សម្ដេចតេជោបន្ដថា ជាក់ស្ដែង កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និងមធ្យមរហូតដល់ទៅ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣%នៃការងារសរុប។ ក្នុងនោះ ស្ត្រីគឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១% នៃចំនួនសរុបនៃសហគ្រាសធុនមីក្រូ, តូច និងមធ្យម ។ ការណ៍នេះ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់និងជំរុញការ លើកតម្កើងស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ លើសមភាព យេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍន៍នៅគ្រប់វិស័យ និងគ្រប់កម្រិត។
សម្ដេចតេជោបញ្ជាក់ថា «ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត ស្ត្រីនឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។ ការណ៍នេះ ទាមទារឲ្យមានការ រួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់ របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ។ ជាក់ស្ដែង សហគ្រិនភាពរបស់ស្ត្រី នៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈម នឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ »។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា ស្រ្តីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្ម នៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់ មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមានការលំបាក ដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។
សម្ដេចតេជោបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក៏ដូចជាបំផុសសក្ដានុពល សហគ្រិនស្ត្រី និងបង្កភាពងាយស្រួល ក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា គួរពិនិត្យ និងផ្ដល់ការយកចិត្តទុកដាក់ លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១-រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូច និង មធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អ នូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំង ដល់សក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច។
ទី២-ផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ ជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
ទី៣-លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍន៍អាជីវកម្ម។
និងទី៤-ពង្រីកវិសាលភាពគ្របដណ្តប់ នៃប្រព័ន្ធគាំពារសង្គម វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគ សាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម៕