ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជន្លៀសជនស៊ីវិលចេញពី តំបន់កាន់កាប់ Kherson

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃតំបន់ Kherson ដែលត្រូវបានតែងតាំងដោយរុស្សីលោក Vladimir Saldo បានធ្វើការអំពាវនាវឲ្យពលរដ្ឋ ក្នុងតំបន់ក្នុងការជន្លៀសខ្លួន ចេញពីតំបន់ភាគខាងត្បូង របស់អ៊ុយក្រែនមួយនេះបន្ទាប់ពី បានទទួលរងនូវការវាយប្រហារ ដោយគ្រាប់រ៉ូក្កែតជាច្រើនថ្ងៃជាប់គ្នា កន្លងមកនេះ។

មេដឹកនាំរូបនេះបានធ្វើការ លើកឡើងបែបនេះត្រូវតែ ជួយសង្គ្រោះខ្លួនឯងតាមរយៈ ការធ្វើដំណើរទៅកាន់ប្រទេសរុស្សី បណ្តោះអាសន្នជាការលំហែ និងសិក្សាជំនួសសិនហើយ ព្រមទាំងបានស្នើសុំឲ្យភាគីខាងរុស្សី ក្នុងការជួយគាំទ្រ ដល់ជនស៊ីវិលទាំងនោះផងដែរ។

ការសំណូមពររបស់លោក Saldo ដែលក្រោយមកត្រូវបានទទួល ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Marat Khusnullin តាមរយៈសារជាសម្លេងមួយតាមកញ្ចក់ទូរទស្សន៍ ខណៈដែលអ៊ុយក្រែនបានបដិសេធថា មិនបានធ្វើការវាយប្រហារសំដៅទៅ លើពលរដ្ឋរបស់ខ្លួនឯងនោះឡើយ។

គួរឲ្យដឹងដែរថាកងកម្លាំងយោធាអ៊ុយក្រែន មួយរយៈចុងក្រោយនេះបាន វាយលុកដណ្តើមកាន់កាប់តំបន់មួយចំនួន នៅភាគខាងជើងនិងភាគខាងលិចតំបន់ Kherson ដែលស្ថិតនៅជិតរដ្ឋធានី Kherson ហើយក៏នៅតែបន្តធ្វើការវាយលុក ដោយសង្ឃឹមថា នឹងអាចដណ្តើមយកតំបន់ Kherson ទាំងមូលត្រឡប់ទៅវិញផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top