ម៉ុងហ្គោលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសម៉ុងហ្គោលី បានបិទច្រកព្រំដែនរបស់ខ្លួន ដែលជាប់ជាមួយព្រំដែននៃប្រទេសចិន ហើយសាលារៀនជាច្រើន ត្រូវបង្ខំចិត្តផ្អាកដំណើរការ និងផ្អាកព្រឹត្តិការណ៍សាធារណៈនានា ដើម្បីទប់ស្កាត់ការឆ្លងចូលនូវវីរុស ចូលមកដែនដីរបស់ខ្លួន ។
វិធានការណ៍នានា ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រទេសនេះបានរឹតត្បិត សម្រាប់ការចេញចូល ដោយពលរដ្ឋមកពីប្រទេសផ្សេងៗ ដោយបារម្ភទៅលើការឆ្លងចូល នៃវីរុសកូរ៉ូណាវីរុស ដែលកំពុងឆ្លងយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេសចិន ។
ប្រទេសម៉ុងហ្គោលី មិនបានកត់ត្រាអំពីការឆ្លងចូល នូវជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុស ខណៈដែលប្រទេសចិន មានអ្នកស្លាប់រហូតដល់៨១នាក់ និងមានអ្នកឆ្លងជំងឺ រហូតដល់ជាង២.៧០០នាក់ហើយ ។
គេបានដឹងថា ប្រទេសជាច្រើនបានរកឃើញ មានករណីឆ្លងជំងឺ ក្នុងនោះរាប់បញ្ចូលទាំងអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា