ព័ត៌មានជាតិ

៦ឆ្នាំខាងមុខទៀត កម្ពុជាចំណាយ២០លានដុល្លារ សម្រាប់បោសសម្អាតមីន

ភ្នំពេញ ៖ ក្នុងរយៈពេល៦ឆ្នាំទៅមុខទៀត ចាប់គិតពីឆ្នាំ២០២០-២០២៥ ក្នុងដំណាក់កាលទី៤នេះ កម្ពុជាគ្រោងចំណាយថវិកា ចំនួន២០លានដុល្លារ ដើម្បីធ្វើការបោសសម្អាតមីន ។ ថវិកានេះ បានមកពីរដ្ឋាភិបាលអូស្រា្តលី UNDP KOICA និងរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។

តំណាងប្រទេសអូស្រ្តាលី លោក David Bloch លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងការពេញចិត្ត ក្នុងដំណើរការនៃការអនុវត្តគម្រោង តាមនីតិវិធីប្រកបទៅដោយតម្លាភាព និងប្រកបទៅដោយផ្លែផ្កា ។

ចំណែកតំណាង KOICA ប្រចាំកម្ពុជា បញ្ជាក់បន្ថែមដែរថា ដំណាក់កាលទី៤នេះ នឹងចូលរួមនូវថវិកាប្រមាណជា១០លានដុល្លារ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន សន្យាថា នឹងប្រើប្រាស់ថវិកាជំនួយ ឲ្យបានត្រឹមត្រូវបំផុត ឲ្យបានជាប្រយោជន៍ពិតប្រាកដ ដល់ពលរដ្ឋខ្មែរ ។

បើតាមសេចក្តីប្រកាស ក្នុង៣ដំណាក់កាលកន្លងមក គឺដំណាក់កាលទី១ ពីឆ្នាំ២០០៦-២០១០ ថវិកា២៥.០១៤.៩០០ដុល្លារ សម្រាប់បោសសម្អាតមីន កម្ពុជាបានទទួលពីម្ចាស់ជំនួយអូស្រ្តាលី កាណាដា អេស្ប៉ាញ ស៊ុយអែដ អង់គ្លេស អាមេរិក UNDP ។ ដំណាក់កាលទី២ ឆ្នាំ២០១១-២០១៥ ថវិកា២៧.៥៩៥, ៦៦៧ដុល្លារ ពីម្ចាស់ជំនួយអង់គ្លេស អូស្ត្រាលី អូទ្រីស បែលហ្សិក បារាំង កាណាដា ស្វីស ន័រវេស្ស អៀកឡង់ UNDP។

និងដំណាល់កាលទី៣ ពីឆ្នាំ២០១៦-២០១៩ ថវិកា១១.១៧៩,២ ៩៨ដុល្លារ ពីម្ចាស់ជំនួយអូស្ត្រាលី ស្វីស កាណាដា UNDP ។

សូមបញ្ជាក់ថា គិតពីឆ្នាំ១៩៩២ ដល់ខែធ្នូ ឆ្នាំ២០១៩ ផ្ទៃដីចំនួន១.៥៤៦ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ដោយប្រតិបត្តិករជាតិ រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន១ ១.០៨០,៦២ គ្រាប់ , មីនប្រឆាំងរថក្រោះ ចំនួន២៥១៨.២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន២៨,២៩, ១០៥ គ្រាប់ ៕ ដោយ៖ធី លីថូ

To Top