ព័ត៌មានជាតិ

ថវិកាសម្តេចតេជោ ប្រគល់ជូនគ្រួសារសព៦នាក់ នៅខេត្តកំពត ដែលស្លាប់ក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់ ៦ជាន់ នៅខេត្តកែប

កំពត៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា នាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បាននាំយកថវិកា សម្តេចតេជោ ហ៊ុន សែន ដែលតាមរយៈទទួលបានពីការបរិច្ចាគ ពីសប្បុរសជននានា ផ្តល់ជូនគ្រួសារសព ចំនួន៦នាក់ ដែលរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ។

ការប្រគល់ និងទទួលថវិកានេះ ធ្វើឡើងនៅធនាគារ អេស៊ីលីដា សាខាខេត្តកំពត ដែលមានគ្រួសារសពជនរងគ្រោះមក ទទួល ចំនួន៦គ្រួសារ មកពីស្រុកចំនួន៣ នៃខេត្តកំពត។
ក្នុងនោះសពជនរងគ្រោះ នៅក្នុងស្រុកជុំគិរី ចំនួន៤នាក់, សពជនរងគ្រោះក្នុង ស្រុកទឹកឈូ ១នាក់ និងស្រុកឈូក ចំនួន ១នាក់ ដោយក្នុងសពម្នាក់ៗ ឬមួយគ្រួសារ ទទួលបានថវិកាចំនួន ៥០០០០ដុល្លារអាមេរិក(ប្រាំម៉ឺនដុល្លារ)។ ហើយថវិកាទាំងនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងគណនេយ្យធនាគារ របស់ក្រុមគ្រួសារនីមួយៗ ដើម្បីរក្សានូវសុវត្ថិភាព ក៏ដូចជាការដកនិងដាក់ប្រាក់ តាមតម្រូវការគ្រួសាររៀងៗខ្លួនផងដែរ ។

លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារ សពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និង រំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ស្វាមី និងកូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស ដ៏មានសក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ ។

លោកបានបញ្ជាក់ថា ថវិកា ដែលនាំយកមកប្រគល់ ដល់ដៃក្រុមគ្រួសារសព ជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ ដោយបានមកពីការខិតខំយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយ ឈាមជ័រតែមួយ។

លោក សេង ទៀង ក៏បានបន្តថា សម្ដេចក៏បានផ្ដាំផ្ញើ ដល់គ្រួសារជនរងគ្រោះទាំងអស់ ឱ្យយកថវិកាដែលទទួលបាននេះ យកទៅធ្វើជាដើមទុន ដូចជា ទិញដីធ្វើផ្ទះ ឲ្យបានសមរម្យ ឬក៏ទិញដីចម្ការដំណាំផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតគ្រួសារបងប្អូនបន្តទៀត កុំយកថវិកាទាំងអស់នេះ ទៅប្រព្រឹត្តល្បែងស៊ីសង ពាលាអាវាសែ ឬប្រព្រឹត្តបទល្មើសផ្សេងៗឲ្យសោះ។
ក្នុងឱកាសនោះក្រុមគ្រួសារសពនីមួយៗ ក៏បានសំដែងក្តីកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំល្អ ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ។

បន្ទាប់ពីចប់កម្មវិធីបញ្ចូលប្រាក់របស់ជនរងគ្រោះទាំងអស់ ក្នុងធនាគារអេស៊ីដារួចមក លោក សេង ទៀង និងលោកអភិបាលខេត្ត ជាវ តាយ និងភរិយាទាំងពីររូប រួមទាំងប្រតិភូអមដំណើរ និងមន្ត្រីរាជការពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១នាក់ជាស្ត្រីដែលមានជំងឺមហារីកសុដន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ដោយលោក សេង ទៀង បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ១លានរៀល ដល់អ្នកជម្ងឺកើតមហារីកសុដន់នេះ។ ហើយក៏បានណែនាំប្រធានមន្ទីរ ពេទ្យបង្អែកខេត្តកំពត ឲ្យបញ្ជូនអ្នកជំងឺខាងលើ នាំយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជាបន្ទាន់ផងដែរ ៕

To Top