ព័ត៌មានអន្តរជាតិ

សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ នឹងបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ តុលា

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបើកធ្វើនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៦ ខែតុលាក្នុងវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ 

លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានជូនដំណឹងដូចពោលខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នាថ្ងៃទី ១៥ ខែតុលា  ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យនៃគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិចូលរួម សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ជាក់ថា  តំណាងបក្សចំនួន  ២២៩៦ នាក់មានសិទ្ធិចូលរួមកិច្ចប្រជុំ ពួកគេនឹងតំណាងឱ្យអង្គភាពបក្សប្រចាំមូលដ្ឋានជាង ៤,៩ លានកន្លែង និងសមាជិកបក្សជាង ៩៦ លាននាក់ចូលរួមសមាជបក្សលើកនេះ ។ ពេលបច្ចុប្បន្ន ការងារត្រៀមពាក់ព័ន្ធបានធ្វើរួចជាស្រេច ដើម្បីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។

សូមបញ្ជាក់ថា បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត ១០១ ឆ្នាំជាបក្សនយោបាយធំជាងគេលើពិភពលោក។ សមាជបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិន បើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង។ ក្នុងអំឡុងពេលធ្វើសមាជបក្ស តំណាងបក្សនឹងពិនិត្យរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស និងរបាយការណ៍ការងារ របស់គណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃមជ្ឈិមបក្សអាណត្តិមុន ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់បក្ស ពិភាក្សានិងធ្វើសេចក្តីសម្រេច លើបញ្ហាសំខាន់ៗរបស់បក្ស ព្រមទាំងបោះឆ្នោតជ្រើសរើសនិងបង្កើតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការត្រួតពិនិត្យ វិន័យនៃមជ្ឈិមបក្សអាណត្តិថ្មី ៕

To Top