ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា ឃ្លាំងប្រេង១កន្លែងក្នុងតំបន់ Belgorod របស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន ត្រូវភ្លើងឆេះ បន្ទាប់ពីត្រូវបានបាញ់ផ្លោង កាលពីថ្ងៃសៅរ៍ អភិបាលក្រុងបានលើកឡើងថា ខណៈដែលការវាយប្រហារកើនឡើងប្រឆាំងនឹងតំបន់នោះ ។
លោក Vyacheslav Gladkov អភិបាលតំបន់ បានថ្លែងថា “យើងកំពុងត្រូវបានគេទម្លាក់គ្រាប់បែកម្ដងទៀត ។ គ្រាប់ផ្លោងមួយបានវាយប្រហារ ឃ្លាំងស្តុកប្រេងនៅក្នុងតំបន់ Belgorod“ ។
លោកបានលើកឡើងថា សេវាសង្គ្រោះបន្ទាន់មាននៅនឹងកន្លែងរួចហើយ ដោយលោកបន្ថែមថា មិនមានហានិភ័យនៃការរាលដាលនៃអគ្គិភ័យនោះទេ ។
លោក Gladkov បានបង្ហោះរូបថតដែលបង្ហាញ ពីអណ្តាតភ្លើង និងផ្សែងខ្មៅដែលហុយឡើង ពីលើអាគារមួយ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់ប្រភពនៅក្នុងសេវាសង្គ្រោះបន្ទាន់ដោយបានឲ្យដឹងថា ឃ្លាំងដែលឆេះស្ថិតនៅភូមិ Razumnoye-71 ជិតទីក្រុង Belgorod ។
គួររំលឹកថា កាលពីសប្តាហ៍មុន រុស្ស៊ី បានត្អូញត្អែរពីការកើនឡើងនៃការវាយប្រហារដោយកាំភ្លើងធំ និងមីស៊ីលលើទឹកដីរបស់ខ្លួននៅជាប់ព្រំដែនអ៊ុយក្រែន ។ គេបានដឹងថា តំបន់ Belgorod តែងតែរងការឆាបឆេះ ៕