សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ នាំចូលពីបរទេស ក្នុងនោះរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កក មានប្រភពពីប្រទេសថៃ។

លោកស្រី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញ ប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះ ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។

ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះ បណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕







