បរទេស៖ វិធានការនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណង បញ្ឈប់ការរីករាលដាលនៃវីរុសថ្មីរបស់ចិន ដែលមានឈ្មោះថា 2019-nCoV ខណៈមនុស្ស ១៤ នាក់ត្រូវបានគេ ដាក់ឲ្យ ស្ថិតក្នុងប្រទេសហ្វីលីពីនរួចទៅហើយ ចំពោះការសង្ស័យថា មានការឆ្លងមេរោគ ដែលបានសម្លាប់មនុស្ស ១០៦ នាក់នៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន នៅថ្ងៃអង្គារ បានបញ្ឈប់ការចេញទិដ្ឋាការ ពេលមកដល់ (VUA) សម្រាប់ពលរដ្ឋចិន ចំពេលមានការផ្ទុះឡើងនៃវីរុសថ្មីនេះ។
ស្នងការប៉ូលិសអន្តោប្រវេសន៍ លោក Jaime Morente បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានផ្អាកជាបណ្តោះអាសន្ន នូវការចេញ VUA សម្រាប់ជនជាតិចិន ដើម្បីបន្ថយលំហូរ នៃដំណើរទេសចរណ៍ជាក្រុម»។
ទោះបីជាយ៉ាងណា ក្រុមឃ្លាំមើលជនអន្តោប្រវេសន៍ជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានបទបញ្ជាណាមួយ ដែលត្រូវបានហាមឃាត់មិនឱ្យជនជាតិចិន ចូលក្នុងប្រទេសហ្វីលីពីនឡើយ។
វីរុសឆ្លងដែលមានរោគសញ្ញា ស្រដៀងនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍ថា បានបន្តរាលដាលពាសពេញពិភពលោក ដោយមានករណីថ្មីជាង ៥០ ករណីត្រូវបានចុះបញ្ជីនៅ ១៤ ប្រទេស គិតត្រឹមថ្ងៃទី ២៧ ខែមករា៕ ប្រែសម្រួលៈ ណៃ តុលា