ព័ត៌មានជាតិ

លោក អូន ព័ន្ធមុន្នីរ័ត្ន ស្នើរដ្ឋមន្ដ្រីកសិកម្មថ្មី លោក ឌិត ទីណា ត្រូវចាត់ទុកការងារដោះស្រាយ ផលប៉ះពាល់ពីទឹកជំនន់ ជាអាទិភាពទីមួយ

ភ្នំពេញ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ត្រូវចាត់ទុកការងារដោះស្រាយ ផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ ចំពោះមុខ និងអនុវត្តឲ្យបានល្អប្រសើរ។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីផ្ទេរតំណែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានឲ្យដឹងថា ផ្អែកតាមការវាយតម្លៃបឋម របស់ក្រុមការងារ គិតត្រឹមថ្ងៃទី១២ តុលា ដំណាំស្រូវដែលទទួលរងផល ប៉ះពាល់សរុបមានចំនួន ២០៦ ៧៧៣ហិកតា, ផ្ទៃដីដំណាំ ស្រូវដែលបានខូចខាតមានចំនួន ៨៥ ១២៨ ហិកតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញ មានចំនួន ៤៨ ៤៧២ ហិកតា។

ដោយសារឃើញបញ្ហាទាំងអស់នេះ លោកបានថ្លែងថា «ខ្ញុំសូមស្នើឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ,ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការងារដោះស្រាយ ផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ ចំពោះមុខ និងអនុវត្តឲ្យបានល្អប្រសើរនូវវិធានការ ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី»។

លោកបន្ដថា ត្រូវបន្តចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែង ដោយសារជំនន់ទឹកភ្លៀង លើដំណាំកសិកម្ម, សត្វពាហនៈ និងវារីវប្បកម្ម ជាពិសេសកំណត់ឲ្យច្បាស់លាស់ នូវទីតាំងខូចខាត, ទំហំផ្ទៃដី និងចំនួនគ្រួសារ កសិករដែលរងគ្រោះ ដោយសហការជាមួយក្រសួង-ស្ថាប័ន ជាពិសេស រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា បន្តធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងនូវការខូចខាត ដោយទឹកជំនន់ និងនាំយកពូជស្រូវ, ពូជដំណាំ, ពូជត្រី និងកង្កែប ទៅចែកជូនប្រជាកសិករតាមខេត្ត គោលដៅដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបទៅនឹងទំហំ នៃការខូចខាតដំណាំកសិកម្ម, ផលិតកម្មសត្វ និងវារីវប្បកម្មដែលបាន កើតមានឡើងកន្លងមក ៕

To Top