ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខា កាកបាទក្រហមរាជធានី នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ដើម្បីជូយសម្រួលការលំបាក ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជន ចំនួន ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានឲ្យដឹងថា អំណោយដែលត្រូវផ្តល់ជូន បងប្អូនប្រជាពលរដ្ឋទាំងនេះ គឺជាអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតាមរយៈសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនរងគ្រោះ និងជនដែលងាយរងគ្រោះ ពិសេសគឺប្រជាពលរដ្ឋ ដែលទទួលរង ដោយគ្រោះថ្នាក់ផ្សេងៗ ដូចជាអគ្គីភ័យ គ្រោះថ្នាក់ធម្មជាតិជាដើម ដោយសម្ដេចតែងតែបានណែនាំ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន គឺត្រូវចុះឱ្យដល់លំនៅឋាន ប្រជាពលរដ្ឋផ្ទាល់ ដើម្បីឲ្យបានដឹងពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ពោលគឺពេលប្រជាពលរដ្ឋ មានការលំបាក គឺយើងបានជួយពួកគាត់ភ្លាមៗ តែម្ដង ដោយមិនឱ្យមាន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការការអត់បាយនោះទេ ស្របតាមពាក្យស្លោកមួយថា “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម” ។
ក្នុងឱកាសនោះ អភិបាលខណ្ឌកំបូល និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជន ទាំង២០២០គ្រួសារនេះ មួយចំនួនធំ ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល និងមានប្រជាពលរដ្ឋ ២សង្កាត់ទៀត មកពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ហើយក្នុងចំណោម ប្រជាពលរដ្ឋ ទាំងជាង២ពាន់គ្រួសារនេះ ក្នុងមួយគ្រួសារមួយគ្រួសារ ទទួលបាន អង្គចំនួន៣០គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ូវ១យូស្ករស១គីឡូក្រាមកន្លះ និងថវិកា ចំនួន២ម៉ឺនរៀល៕