ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ បានស្នើសុំឲ្យអ្នក វិនិយោគជនជាតិកូរ៉េ មកវិនិយោគទុន លើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ឲ្យបានច្រើន ដើម្បីឲ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូធាឡើង ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា កម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយពលរដ្ឋក៏ជាអ្នកមានស្នាដៃច្រើន ក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀប ធៀបកាលពីឆ្នាំ១៩៩០ ។ ដូច្នេះលោកស្នើសុំតាមរយៈ លោក Joo Nak-young អភិបាលក្រុងឃ្យុងជូ ជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ ឲ្យមកវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ឲ្យបានច្រើន។
ជាមួយគ្នានេះ ចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុគ្រោះព័ន្ធផងដែរ នេះពិតជាបានបង្កលក្ខណៈងាយស្រួល ឲ្យអ្នកវិនិយោគទុនបរទេស មកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។
លោក Joo Nak-young ក្នុងឱកាសនោះបានសម្តែង ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការស្នើឡើងរបស់ លោក ឃួង ស្រេង ដោយបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀងគរ អ្នកវិនិយោគជនជាតិកូរ៉េ ពីទីក្រុងឃ្យុងជូ ក៏ដូចជានៅទីក្រុងផ្សេងទៀត ឲ្យមកវិនិយោគទុន លើវិស័យវាយនភ័ណ្ឌនៅរាជធានីភ្នំពេញ បានកាន់តែច្រើន ធ្វើយ៉ាងណាឲ្យទីក្រុងទាំង២ ប្រទេសទាំង២ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត៕