ព័ត៌មានអន្តរជាតិ

ចិន ជួល​អ្នកបើក​យន្តហោះ​យោធា​ជើងចាស់របស់អង់គ្លេស មកបង្រៀនកងទ័ពរបស់ខ្លួន

បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (MoD) ត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្មណ៍ចំពោះការជួលអ្នកបើកយន្តហោះយោធាជើងចាស់របស់អង់គ្លេសចំនួន ៣០ នាក់ ដើម្បីបង្រៀនសិក្ខាកាមនៅក្នុងកងទ័ពរំដោះប្រជាជន (កងទ័ពចិន)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការអនុវត្តនេះគឺស្របច្បាប់ ហើយត្រូវបានកត់សម្គាល់ជាលើកដំបូងដោយរដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំ ២០១៩ នៅពេលដែលករណីបែបនេះមួយចំនួនត្រូវបានរកឃើញ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានពន្យល់បែបនេះ, នេះបើយោងតាមសារព័ត៌មានលោកខាងលិចជាច្រើនរួមទាំង BBC, Sky News និង New York Times បានចេញផ្សាយ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ MoD ចាត់ទុកស្ថានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ក្នុងការចេញ “ការជូនដំណឹងអំពីការគំរាមកំហែង” ជាផ្លូវការដើម្បីព្រមានដល់ការបម្រើ និងទៅលើអតីតអ្នកបើកយន្តហោះអំពីការជ្រើសរើសបុគ្គលិករបស់ចិន។

អ្នកនាំពាក្យ MoD របស់​អង់គ្លេសបាននិយាយដូចដែលដកស្រង់ដោយសារព័ត៌មានថា “យើងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់គម្រោងជ្រើសរើសបុគ្គលិករបស់ចិន” ។ សេចក្តីថ្លែងការណ៍បានរំឮកថា បុគ្គលិកយោធាគឺ “ស្ថិតក្រោមច្បាប់សម្ងាត់ផ្លូវការ” ហើយបាននិយាយថា ក្រសួងកំពុង “ពិនិត្យមើលការប្រើប្រាស់កិច្ចសន្យាសម្ងាត់ និងកិច្ចព្រមព្រៀងមិនបង្ហាញ” ដើម្បីដោះស្រាយបញ្ហាបែបនេះ។

យោងតាមប្រភពចម្បងដែលត្រូវបានពិពណ៌នាថាជា “មន្ត្រីលោកខាងលិច” ឬជាមន្ត្រីនៅក្នុង MoD របស់អង់គ្លេសដោយអ្នកសារព័ត៌មាន ប្រទេសចិនបង់ប្រាក់ឱ្យអ្នកបើកយន្តហោះទាំងនោះចំនួន ២៧០ ០០០ ដុល្លារក្នុងមួយឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top