ព័ត៌មានអន្តរជាតិ

Update ៖ កូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង បាញ់ផ្លោងកាំភ្លើងធំ ប្រមាណជាង១០០គ្រាប់ពីឆ្នេរខាងកើត និងខាងលិចក្នុងទឹកដីរបស់ខ្លួន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន កាលពីថ្ងៃអង្គារ ។

នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបាញ់ផ្លោងប្រហែល១០០ គ្រាប់ចូលទៅក្នុងសមុទ្រ នៅឆ្នេរសមុទ្រភាគខាងលិច របស់ខ្លួននៅម៉ោងប្រហែល១០យប់ម៉ោងក្នុងស្រុក និងបានបាញ់ចំនួន ១៥០គ្រាប់បន្ថែមទៀត នៅឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន ។

JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ Yonhap ថា “យើងទទូចយ៉ាងខ្លាំងឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់” ។

នាយសេនាធិការបានឲ្យដឹងទៀតថា “ការបង្កហេតុបន្តរបស់កូរ៉េខាងជើង គឺជាសកម្មភាពដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ” ។

សកម្មភាពយោធាចុងក្រោយរបស់កូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម សមយុទ្ធការពារជាតិ Hoguk ប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

គួរបញ្ជាក់ថា សមយុទ្ធ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ គឺជាសមយុទ្ធចុងក្រោយបង្អស់ របស់កូរ៉េខាងត្បូង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសកម្មភាពរួមគ្នា ជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top