ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសគាំទ្រដល់តុលាការ កាត់ទោសទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយជារឿងដ៏ត្រឹមត្រូវបំផុត ក្រោយមានភស្តុតាងជាក់លាក់ផងដែរ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស ទណ្ឌិត សម រង្ស៉ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែក»។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមឱ្យទណ្ឌិត សម រង្ស៊ី ថាជាជនក្បតជាតិ ៣ជំនាន់។ សម្ដេច បន្ដថា តើអាចក្លាយជាមេដឹកនាំ ប្រទេសកម្ពុជាបែបណាទៅ? បើខ្លួនមិនទាន់មានអំណាចផង ទៅចុះហត្ថលេខាប្រគល់ទឹកដី ទៅឱ្យជនបរទេសរហូតទៅដល់ ៤ខេត្ត ក្រោយមកបកស្រាយថា «នេះដើម្បីអនុវត្តជនដើមភាគតិច»។
សម្ដេចតេជោ បន្ដថា ទោសនៅកម្ពុជាអត់មាន ទោសប្រហារជីវិតទេ ក្នុងករណីដែលមានទោសប្រហារជីវិត ប្រហែលជាតុលាការនឹងកាត់អតិបរមា គឺប្រហារជីវិត ប៉ុន្តែកម្ពុជាមានទោសត្រឹម ជាប់គុកមួយជីវិតប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវមើលឃើញឱ្យច្បាស់អំពីចរិតសារជាតិ ក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្ស៊ី។ សម្ដេច ក៏ចាត់ទុកថា ជាអំពើក្បត់ ៣ជំនាន់មនុស្ស តាំងពីជីតា ឪពុករហូតមកដល់កូន។
សម្តេចតេជោ ចោទជាសំណួរថា ហេតុអ្វីបានជាជននេះ? (សម រង្ស៊ី) មិនទាន់បានកាន់អំណាចផង បែរជាហ៊ានកាត់ទឹកដីរហូតទៅដល់ ៤ខេត្ត ទៅឱ្យជនបរទេស។ សម្ដេច បន្ដថា កុំថាឡើយអ្នកឯងមិនទាន់កាន់អំណាច សូម្បីតែ សម្ដេច កាន់អំណាច ក៏គ្មានសិទ្ធិ កាត់ទឹកដីសូម្បីមួយមីលីម៉ែត្រ ឱ្យប្រទេសណាដែរ បើសម្ដេចធ្វើបែបនោះ ក៏ត្រូវតែជាប់ទោសដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អញ្ចឹងក្នុងចំណុចនេះ គប្បីត្រូវបានបញ្ជាក់ឱ្យច្បាស់ថា សាលក្រមតុលាការនេះ គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌ ដែលអ្នកឯងមានភស្តុតាងជាក់លាក់។ យើងគ្រាន់តែចោទសួរយ៉ាងសាមញ្ញបំផុតថា ហេតុអ្វីចាំបាត់ដាក់ទង់ជាតិ ពីខាងក្រោយរហូតដល់បី (ទង់ជាតិអាមេរិក- ទង់ជាតិកម្ពុជា-ទង់ជាតិម៉ុងតាញ៉ា) នោះបើគ្រាន់តែជាកិច្ចសន្យា នៃការផ្ដល់សិទ្ធឱ្យជនជាតិដើមភាគទិត ហើយជនជាតិដើមភាគទិតរបស់យើង មានតំណាងចុះហត្ថលេខាបែបនេះទេ?» ៕