ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅតំបន់៤ របស់អ៊ុយក្រែន ដែលទើបបញ្ចូលជាមួយរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធជាមួយរុស្ស៊ី ខណៈដែលយោធារុស្ស៊ី នៅតែបន្តញាំញីដោយការវាយលុក ក្នុងការវាយលុករយៈពេលប្រាំបីខែរបស់ខ្លួន។ បើយោងតាមក្រឹត្យដែលចេញផ្សាយ ដោយវិមានក្រឹមឡាំង ច្បាប់អាជ្ញាសឹកនឹងចូលជាធរមាន ចាប់ពីដើមថ្ងៃព្រហស្បតិ៍នេះ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបាននិយាយក្នុងអំឡុងពេល កិច្ចប្រជុំតាមទូរទស្សន៍នៃ ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដោយសំដៅទៅលើតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson របស់អ៊ុយក្រែនថា “ខ្ញុំបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីណែនាំច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ទាំងបួននៃសហព័ន្ធរុស្ស៊ី” ។

លោកពូទីនបាននិយាយថា “របបទីក្រុងគៀវ ដូចដែលអ្នកដឹង បានបដិសេធមិនទទួលស្គាល់ឆន្ទៈ និងជម្រើសរបស់ប្រជាជន ហើយបានច្រានចោលសំណើ ណាមួយសម្រាប់ការចរចា”។ លោកក៏បានចោទអ៊ុយក្រែនថា បានប្រើវិធីសាស្ត្រភេរវកម្ម។

លោកប្រធានាធិបតី ពូទីន បាននិយាយថា “ពួកគេបានបញ្ជូនក្រុមបំផ្លិចបំផ្លាញ ចូលទៅក្នុងទឹកដីរបស់យើង” ហើយថា ទីក្រុងម៉ូស្គូបានរារាំងការវាយប្រហារ ផ្សេងទៀតបន្ទាប់ពីស្ពាន Crimea របស់ខ្លួនត្រូវបានគេកំណត់ គោលដៅវាយប្រហារ “រួមទាំងរោងចក្រថាមពល នុយក្លេអ៊ែររបស់យើង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top