ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន១៥០នាក់ ត្រូវបានសម្លាប់នៅ ក្នុងពេលប៉ះទង្គិចគ្នា នៅស៊ូដង់ខាងត្បូង

ស៊ូដង់ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស១៥០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិច ជនជាតិភាគតិច ក្នុងរយៈពេល២ថ្ងៃចុងក្រោយ នៅក្នុងរដ្ឋ Blue Nile របស់ប្រទេសស៊ូដង់ នៅភាគខាងត្បូង ។

ការប្រយុទ្ធគ្នា ត្រូវបានគេបញ្ជាក់ថា ជារឿងកើតឡើងអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

អំពើហឹង្សាបានផ្ទុះឡើង កាលពីសប្តាហ៍មុន រវាងក្រុមជនជាតិភាគតិច ដែលជាគូប្រជែង បន្ទាប់ពីជម្លោះដីធ្លីដែលមនុស្សជាងរាប់សិបនាក់ត្រូវបានសម្លាប់ ។

បម្រាមគោចរពេញមួយយប់ ត្រូវបានដាក់ដើម្បីទប់ស្កាត់អំពើហិង្សា ។

អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានការព្រួយបារម្មណ៍ចំពោះការកើនឡើងនៃអំពើហិង្សានៅ Lagawa និងការកើតឡើងវិញ នៃជម្លោះនៅក្នុងតំបន់ Blue Nile ។

បេសកកម្មជំនួយអន្តរកាលរួម បញ្ចូលគ្នារបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សន្តិភាពប្រកប ដោយនិរន្តរភាពនឹង មិនអាចធ្វើទៅបានទេបើគ្មានរដ្ឋាភិបាល ដែលអាចទុកចិត្តបានពេញលេញ ដែលផ្តល់អាទិភាពដល់តម្រូវការ របស់សហគមន៍មូលដ្ឋាន រួមទាំងសន្តិសុខ និង ដោះស្រាយបញ្ហាឫសគល់នៃជម្លោះ” ។

ប្រទេសស៊ូដង់ បានកំពុងប្រឈមមុខ នឹងភាពចលាចលនយោបាយ និងអំពើហិង្សា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top