ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការ​អះអាង​របស់​អឺរ៉ុប ស្ដីពី​ការ​ប្រើ​យន្តហោះ​ដ្រូន និងមីស៊ីល​របស់​អ៊ីរ៉ង់ ប្រឆាំង​នឹង​អ៊ុយក្រែន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់សហភាពអឺរ៉ុប ដែលថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីល និងយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើ បណ្ដាញ Twitter ឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Hossein Amir-Abdollahian បានបញ្ជាក់អំពីគោលនយោបាយរបស់អ៊ីរ៉ង់ ក្នុងការប្រឆាំងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃជម្លោះ ។

លោកបានសរសេរនៅលើ Twitter ថា “ទោះបីជាអ៊ីរ៉ង់មានកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាមួយរុស្ស៊ីក៏ដោយ ការបញ្ជូនយន្តហោះដ្រូន និងអាវុធប្រឆាំងនឹងអ៊ុយក្រែន មិនមែនជាគោលនយោបាយ របស់អ៊ីរ៉ង់នោះទេ” ដោយបន្ថែមថា “ការអះអាងនៃការបញ្ជូនមីស៊ីលអ៊ីរ៉ង់ទៅរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន គឺគ្មានមូលដ្ឋាន” ។

កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប បានយល់ព្រមលើការដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលអ៊ីរ៉ង់ ៣រូប និងអង្គភាពមួយសម្រាប់ ការចោទប្រកាន់ថា “ការប្រើប្រាស់យន្តហោះ គ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងជម្លោះដែលកំពុងបន្តរបស់ពួកគេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top