អង់ការ៉ា៖ តួកគី បានច្រានចោលការអះអាង របស់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធតួកគី បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ របស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងការពារជាតិតួកគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថា អាវុធគីមីត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធតួកគី ត្រូវបាននាំយកមកក្នុងរបៀបវារៈ ជាប្រចាំដោយមជ្ឈដ្ឋាន ដែលចង់ធ្វើឱ្យខូចដល់ការប្រយុទ្ធ របស់តួកគីប្រឆាំងនឹងអំពើភេរវកម្ម។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះមានគោលបំណង “ដាក់ស្រមោលលើភាពជោគជ័យ នៃកងកម្លាំងប្រដាប់អាវុធតួកគី ហើយគ្មានមូលដ្ឋានទាំងស្រុង និងមិនប្រាកដនិយម”។
ក្រសួងបានឲ្យដឹងទៀតថា កងកម្លាំងប្រដាប់អាវុធតួកគី មិនប្រើប្រាស់គ្រាប់រំសេវ ដែលត្រូវបានហាមឃាត់ដោយច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនោះទេ ដោយក្រសួងបានអះអាងថា កងទ័ពមិនមានគ្រាប់រំសេវប្រភេទនេះ នៅក្នុងសារពើភ័ណ្ឌរបស់ខ្លួន។
អនុប្រធានក្រុមគណបក្ស ប្រជាធិបតេយ្យប្រជាជនឃឺដ (HDP) លោកស្រី Meral Danis Bestas បានជំរុញឱ្យសភាទទួលខុសត្រូវ ចំពោះការស៊ើបអង្កេតការចោទប្រកាន់នេះ។
លោកស្រីបន្តថា រូបភាព ការចោទប្រកាន់ និងវីដេអូអំពីការប្រើប្រាស់សារធាតុគីមី ក្នុងប្រតិបត្តិការឆ្លងដែន ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។ លោកស្រីបានឲ្យដឹងនៅក្នុង សម័យប្រជុំសភាកាលពីថ្ងៃពុធថា “គណៈកម្មការកិច្ចការបរទេស គួរតែធ្វើការស៊ើបអង្កេត” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
