ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ដើម្បីធានាសុខសន្ដិភាពជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនបានរកសន្ដិភាព ឱ្យប្រទេសជាតិ។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិកររងគ្រោះ ដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំថែរក្សាសន្ដិភាពឱ្យខាងតែបាន ទោះបីក្នុងតម្លៃណាក៏ដោយ ព្រោះថា កម្ពុជានាពេលបច្ចុប្បន្ននេះ មានសន្ដិភាពយ៉ាងពេញលេញ។
សម្ដេចតេជោ បានបញ្ជាក់ថា «ដើម្បីធានាថា មានសន្ដិភាព រក្សាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា អាហ្នឹងសុខទាំងអស់គ្នាហើយ។ គណបក្សប្រជាជន បានគ្រប់គ្រងអំណាច គឺគណបក្សប្រជាជន រកសន្ដិភាពឱ្យប្រទេសបាន គណបក្សប្រជាជនកម្ពុជាកាន់អំណាច គណបក្សប្រជាជនមាន លទ្ធភាពរក្សាសន្ដិភាពបាន សម្រាប់ការពារជីវិតរបស់បងប្អូន»។
សម្ដេចតេជោ បង្ហាញក្ដីសង្ឃឹមថា ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ នឹងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាបន្ដទៀត។
សម្ដេច បានប្រកាសថា សម្ដេច មិនទៅណាចោលប្រជាពលរដ្ឋខ្មែរឡើយ គឺនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ សម្ដេច ក៏បានអរគុណចំពោះប្រជាពលរដ្ឋខ្មែរ បានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សូមរំលឹកថា សន្ដិភាព ពិតជានាំមកនូវអ្វីៗ គ្រប់យ៉ាងទាំងអស់ ទាំងការអភិវឌ្ឍន៍ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសសេចក្ដីសុខសាន្ដជូនប្រជាជន និងប្រទេសជាតិ។ បើគ្មានសន្ដិភាព គ្មានទេពាក្យថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះឡើយ។ ជាក់ស្ដែង ដូចនៅមជ្ឈិបូព៌ា ដែលកំពុងតែឆាបឆេះដោយភ្លើងសង្គ្រាម គឺដោយសារតែបដិវត្ដន៍ពណ៌។ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ គ្នាត្រូវគាំទ្រសន្ដិភាព ត្រូវអរគុណសន្ដិភាព ត្រូវចូលរួមគ្នាថែរក្សាសន្ដិភាព ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ទៅកាន់សន្ដិភាព រឹងមាំជាបន្ដបន្ទាប់រៀងរហូត៕