ប៉េរូត៖ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា សភារបស់ប្រទេសលីបង់ បានបរាជ័យម្តងទៀតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃចន្ទនេះ ពោលគឺត្រឹមតែមួយសប្តាហ៍មុនការបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី Michel Aoun ។
ប្រធានសភាលោក Nabih Berri បានប្រកាសថា សម័យប្រជុំបោះឆ្នោតដែលមានសមាជិកសភាចំនួន ១១៤រូប ក្នុងចំណោម ១២៨ ទទួលបានលទ្ធផល ៣៩សម្លេងសម្រាប់ Michel Mouawad, ១០ សម្លេងសម្រាប់ Issam Khalife, ៥០សម្លេងទទេ និងសម្លេងខ្ចាត់ខ្ចាយមួយចំនួនជាមួយនឹងពាក្យស្លោកនយោបាយ។
នេះជាលើកទី៤ហើយដែលសភាលីបង់បរាជ័យក្នុងការជ្រើសរើសប្រធានាធិបតី។ ការបោះឆ្នោតបីលើកមុនត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ទី១៣ ខែតុលា និងថ្ងៃទី២០ ខែតុលា។
ការបរាជ័យនៃគណបក្សនយោបាយក្នុងការឈានដល់ការឯកភាពលើប្រធានាធិបតីនាពេលអនាគតបានធ្វើឱ្យមានការព្រួយបារម្ភអំពីភាពទំនេររបស់ប្រធានាធិបតី ខណៈដែលប្រទេសនេះបន្តទទួលរងនូវវិបត្តិហិរញ្ញវត្ថុដ៏ខ្លាំងក្លា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសលីបង់បានធ្វើជាសាក្សីក្នុងរយៈពេលជាច្រើននៃភាពទំនេររបស់ប្រធានាធិបតី ដែលជាលទ្ធផលនៃការបែងចែកក្នុងចំណោមប្លុកនយោបាយ ដែលគ្រប់គ្រងប្រទេស៕