តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ឲ្យដឹងថា ប្រទេសរបស់លោក បានទទួលសាររបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រញាប់ប្រញាល់ របស់អាមេរិក ក្នុងការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់។
លោក Hossein Amir-Abdollahian បានលើកឡើងថា “កាលពីបីថ្ងៃមុន យើងបានទទួលសារពីសហរដ្ឋអាមេរិក ហើយបានប្រាប់ពួកគេថា ការចោទប្រកាន់របស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយ” មុនពេលកិច្ចព្រមព្រៀងណាមួយ នៅរដ្ឋធានី Yerevan ប្រទេសអាមេនី។
នៅពេលសួរអំពីការអត្ថាធិប្បាយ របស់មន្ត្រីអាមេរិក អំពីការចរចានុយក្លេអ៊ែរ កំពុងបិទរបៀបវារៈ របស់សហរដ្ឋអាមេរិក លោកបានលើកឡើងថា “ជនជាតិអាមេរិក មានភាពផ្ទុយគ្នា នៅក្នុងពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេ ដោយសារពួកគេប្រញាប់ ដើម្បីឈានដល់កិច្ចព្រមព្រៀង នៅក្នុងសារថ្មីៗ របស់ពួកគេ” ។
ខណៈពេលដែលសហរដ្ឋអាមេរិក បន្តផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ ពួកគេ “កំពុងស្វែងរកការដាក់សម្ពាធផ្នែកនយោបាយ និងផ្លូវចិត្ត (លើអ៊ីរ៉ង់) និងចង់ទទួលបានសម្បទាន នៅក្នុងការចរចា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានសង្កត់ធ្ងន់ថា “យើងមិនផ្តល់សម្បទានណាមួយ ដល់ភាគីអាមេរិកទេ ហើយយើងដើរក្នុងក្របខណ្ឌនៃតក្កវិជ្ជា និងក្របខណ្ឌនៃកិច្ចព្រមព្រៀង ដែលគោរពបន្ទាត់ក្រហម នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងមិនដែលចាកចេញពីតុចរចាឡើយ”៕ ប្រែសម្រួល ឈូក បូរ៉ា