ព័ត៌មានជាតិ

ផ្តន្ទាទោសយុវជនម្នាក់ ជាប់គុក៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជិតកន្លះគីឡូក្រាម

ភ្នំពេញ: លោកចៅក្រម ទិត សិទ្ធីបូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១២ លានរៀល ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួនជិត ៥០០ ក្រាម(កន្លះគីឡូក្រាម) ប្រព្រឹត្ត នៅក្នុងសង្កាត់ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២២។

លោកចៅក្រម ទិត សិទ្ធីបូរ៉ាឆាត បានថ្លែងឱ្យដឹងថា: ជនត្រូវចោទរូបនេះមានឈ្មោះ សុ ភី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ និង ត្រូវបានជាប់ចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ ឈ្មោះ សុ ភី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀន ចំនួន៤៦២, ៤៤ ក្រាម៕

ដោយ: លីហ្សា

To Top