ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មី អង់គ្លេស ប្តេជ្ញាជួសជុលកំហុស របស់រដ្ឋបាលមុន និងស្តារស្ថិរភាព សេដ្ឋកិច្ចឡើងវិញ

ឡុងដ៌ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រ ភពអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារបានសន្យាថានឹង “ជួសជុលកំហុស” ដែលធ្វើឡើង ដោយរដ្ឋាភិបាល លោកស្រី Truss និងស្ដារស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេស ខណៈដែលព្រមានថានឹងមាន “ការសម្រេចចិត្តដ៏លំបាក ដែលនឹងកើតឡើង” ។

លោក Sunak បានឲ្យដឹងនៅក្នុងសុន្ទរកថាដំបូង របស់គាត់ទៅកាន់ប្រទេសនៅខាងក្រៅ 10 Downing Street ថា “ឥឡូវនេះ ប្រទេសរបស់យើងកំពុង ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច យ៉ាងជ្រាលជ្រៅ” ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការ មួយរំពេចបន្ទាប់ពីស្តេច Charles III បានជួបលោកនៅវិមាន Buckingham ហើយបានអញ្ជើញ លោកឱ្យបង្កើតរដ្ឋាភិបាល។

លោក Sunak បានលើកឡើងថា លោកស្រី Liz Truss មិនខុសទេក្នុងការចង់កែលម្អកំណើន ដែលជា “គោលបំណងដ៏ថ្លៃថ្នូ” ប៉ុន្តែ “កំហុសត្រូវបានធ្វើឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប៉ុនប៉ងរបស់លោកស្រី Truss ក្នុងការប្រើការកាត់បន្ថយពន្ធ ដែលផ្តល់មូលនិធិ ដោយបំណុល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះប្រាក់ផោនអង់គ្លេស ដល់កម្រិតទាប រយៈពេល ៣៧ ឆ្នាំធៀបនឹងប្រាក់ ដុល្លារអាមេរិក ខណៈដែលជំរុញ ឱ្យតម្លៃនៃការខ្ចីប្រាក់ របស់រដ្ឋាភិបាល និងអត្រាកម្ចីទិញផ្ទះ ។

លោក Sunak បាន​បន្ដថា លោក​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី ដើម្បីជួសជុលកំហុស​ទាំង​នោះ។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​នឹង​ដាក់​ស្ថិរភាព​សេដ្ឋកិច្ច និង​ទំនុក​ចិត្ត​ជា​ស្នូល ​នៃ​របៀបវារៈ​របស់​រដ្ឋាភិបាល​នេះ ហើយនេះ​នឹង​មាន​ន័យ​ថា​ការ​សម្រេច​ចិត្ត​ពិបាក​នឹង​មក​ដល់​”។

គួរបញ្ជាក់ថា លោក Sunak អាយុ ៤២ឆ្នាំ ត្រូវបានទទួលមរតកសេដ្ឋកិច្ច មួយនៅលើគែមនៃវិបត្តិសេដ្ឋកិច្ច ជាមួយនឹងវិបត្តិថាមពល វិបត្តិតម្លៃនៃការរស់នៅ និងអតិផរណា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top