ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣

ភ្នំពេញ ៖ កិច្ច​ប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រេះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ដែលសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញ ក្រោយពីប្រយុទ្ធ នឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជា ទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ ប្រជាជនប្រកបដោយជោគជ័យតាម «អភិក្រមផ្ការីក»។

លើសពីនេះ ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការ អន្តរាគមន៍ ដែលត្រូវបានដាក់ចេញក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពល នៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅគន្លង នៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្រប នឹងនិន្នាការតំបន់ និងសកល កសាងភាពធន់ នៃសង្គម-សេដ្ឋកិច្ច៕

To Top