ព័ត៌មានអន្តរជាតិ

លោក ពូទីនថា លោកមិនបានប្រាប់ចិន ឱ្យដឹងជាមុនអំពីការវាយលុក ទៅលើអ៊ុយក្រែន នោះទេ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងថា លោកមិនបានផ្តល់ការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធា នៅអ៊ុយក្រែន ដល់មេដឹកនាំចិន លោក ស៊ី ជីនពីង នោះទេ។ លោកពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំ Valdai Discussion Club ដោយបន្ថែមថា រុស្ស៊ីនិងចិន គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយថា ទីក្រុងប៉េកាំង មានការយល់ច្បាស់ អំពីស្ថានភាព នៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ពូទីនថា “ទេ” នៅពេលអ្នកសម្របសម្រួល Fyodor Lukyanov បានសួរថាតើគាត់បានប្រាប់លោក ស៊ី អំពីប្រតិបត្តិការយោធា ដែលបានចាប់ផ្តើម នៅថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នា ២០ ថ្ងៃមុន។ លោកប្រធានាធិបតីរុស្ស៊ីបានពន្យល់ថា លោក ស៊ី មិនអន់ចិត្ត ឬអាក់អន់ចិត្តចំពោះរឿងនោះទេ។

លោក ពូទីន បាននិយាយដោយពណ៌នាថា លោកស៊ីជារដ្ឋបុរសដែលមានសមត្ថភាពក្នុងពិភពលោកថា៖ «មេដឹកនាំចិនមិនមែនជាប្រភេទមនុស្សដែលប្រព្រឹត្តអំពើអាក្រក់អ្វីនោះទេ។ ចំពោះការព្រមានជាមុន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “យើងមិនមានតម្រូវការបែបនេះទេ។ យើងធ្វើការសម្រេចចិត្តដោយអធិបតេយ្យភាព ទាំងរុស្ស៊ី និងសាធារណៈរដ្ឋប្រជាមានិតចិន»។

លោក ពូទីន បាននិយាយថា រដ្ឋាភិបាលនៅទីក្រុងប៉េកាំងដឹងពីអ្វីដែលទីក្រុងមូស្គូគិតចំពោះបំណងរបស់ណាតូ ក្នុងការផ្លាស់ទីហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ទៅកាន់ព្រំដែនរបស់រុស្ស៊ី ដោយបន្ថែមថា ប្រទេសចិនក៏ដឹងពីមូលហេតុ និងផលវិបាក នៃរដ្ឋប្រហារដែលគាំទ្រ ដោយសហរដ្ឋអាមេរិក នៅទីក្រុងគីវក្នុងឆ្នាំ ២០១៤ និងអ្វីដែលកំពុងកើតឡើង នៅក្នុងតំបន់ Donbass តាំងពីពេលនោះមកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top