ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រឹងប្រែងរួមគ្នា ទប់ស្កាត់ឱ្យបាន នូវទង្វើបង្កចលាចលក្នុងសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រឹងប្រែងរួមគ្នា ទប់ស្កាត់ឱ្យបាននូវទង្វើបង្កចលាចលនានា ក្នុងសង្គម។

ការណែនាំនេះធ្វើឡើងក្នុង​ឱកាស សម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងនៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តកំពង់ធំសារជាថ្មីម្តងទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ ក្រុមប្រឹក្សាឃុំ/សង្កាត់​ ក្នុងខេត្តកំពង់ធំទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នា រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើ បង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់ នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានថ្លែងដោយក្តីមោទនភាព ចំពោះភាពជោគជ័យ នៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជា មានឱកាសបើកដំណើរការ ប្រទេសជាតិឡើងវិញ។ ទាំងអស់នេះដោយសារតែ ការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការចំលងនៃជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយ អស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ធំ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះ អោយទទួលបាននូវការរីកចម្រើន៕

To Top