ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម នាំស្រូវពូជសម្ដេចតេជោ ចែកជូនពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ

កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយប្រតិភូជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញនាំស្រូវពូជរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដែលជាពិធីចែកស្រូវពូជចុងក្រោយ សម្រាប់ស្រុកទាំងពីរនេះ ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្រុកព្រៃឈរ ប៉ះពាល់ចំនួន ៨ឃុំ ផ្ទៃដីប៉ះពាល់ ៩៦៤,៨៧ហិចតា មានកសិករ ១.៥០៨ គ្រួសារ ក្នុងនោះ ផ្ទៃដីខូចខាតចំនួន ៩៦៧,៨៧ហិចតា មានកសិករ ១.៥០៨គ្រួសារ ។ ទន្ទឹមនឹងនេះ តាមរយៈគណៈម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានផ្តល់ពូជស្រូវ សម្រាប់បងប្អូនប្រជាកសិករ ធ្វើការស្តារឡើងវិញក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង សម្រាប់ស្រុកព្រៃឈរ ចំនួន ១.៥០៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប ១៥០.៨០០គីឡូក្រាម។

ដោយឡែកសម្រាប់ស្រុកជើងព្រៃ មានចំនួន ៩៩១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប៩៩,១០០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា ប្រជាកសិករ ដែលត្រូវធ្វើការស្តារឡើងវិញ ក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម ចំនួនសុប ១០.១៦៧គ្រួសារ ស្មើនឹងប្រើស្រូវពូជសរុប ៨៧២ តោន ៩០០គីឡូ ៕

To Top