បរទេស៖ យោធាអាមេរិកបានបង្កើត ផែនការមួយដែលនឹងឃើញ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអូស្ត្រាលី ក្នុងបេសកកម្មវិលរយៈពេលវែង ហើយបង្វែរទឹកដីភាគខាងជើង របស់ប្រទេសទៅជាមជ្ឈមណ្ឌលយោធា ដ៏សំខាន់មួយនៅក្នុងការប្រឈមមុខ ដាក់គ្នារបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តាមសេចក្តីរាយការណ៍ មន្ទីរបញ្ចកោណកំពុងស្វែងរកការសាងសង់ “កន្លែងប្រតិបត្តិការកងអនុសេនាធំ” ដែលនឹងរួមបញ្ចូលមជ្ឈមណ្ឌលថែទាំ និងកន្លែងចតរថយន្ត គ្រប់គ្រាន់សម្រាប់យន្តហោះ B-52 ចំនួន ៦គ្រឿងនៅឯមូលដ្ឋានទ័ពអាកាស Tindal របស់ Royal Australian Air Force នេះបើយោងតាមកម្មវិធីស៊ើបអង្កេត របស់សារព័ត៌មាន ABC ។
ការពង្រីកមូលដ្ឋានទ័ពអាកាស អាចចំណាយប្រាក់រហូតដល់ ១០០ លានដុល្លារ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ។ គ្រឿងបរិក្ខារថ្មី “ត្រូវបានទាមទារដើម្បីគាំទ្រ ដល់ប្រតិបត្តិការយុទ្ធសាស្ត្រ និងដើម្បីដំណើរការលំហាត់ ហ្វឹកហ្វឺនរយៈពេល១៥ ថ្ងៃច្រើនដងក្នុងរដូវប្រាំង Northern Territory សម្រាប់ការដាក់ពង្រាយយន្តហោះ B-52 របាយការណ៍នេះបាននិយាយ ដោយដកស្រង់ឯកសារ របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា