ព័ត៌មានអន្តរជាតិ

តួកគី ប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារ បន្ទាប់ពីរុស្ស៊ីផ្អាកគំនិត ផ្តួចផ្តើមគ្រាប់ធញ្ញជាតិ

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយវិបត្តិស្បៀង អាហារពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់លោក Erdogan បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលតាមរយៈនោះស្រូវសាលីអ៊ុយក្រែន បានឈានដល់ទីផ្សារអន្តរជាតិ ដោយមិនមានការរារាំង ដោយជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

លោក Erdogan បានឲ្យដឹងនៅឯសមាជពិភពលោក វេជ្ជសាស្ត្រតួកគីលើកទី៨ នៅទីក្រុងអ៊ីស្តង់ប៊ុលថា “ជាមួយនឹងគំនិតផ្តួចផ្តើមរួមគ្នា ដែលបានបង្កើតឡើងនៅក្នុង ទីក្រុងអ៊ីស្តង់ប៊ុល យើងសម្រេចបាននូវការបន្ធូរបន្ថយ ពាក់ព័ន្ធនៃវិបត្តិស្បៀងអាហារពិភពលោក ដោយការនាំយកស្រូវសាលី អ៊ុយក្រែនចំនួន ៩,៣លានតោន ទៅកាន់ពិភពលោក” ។

មេដឹកនាំតួកគីរូបនេះបានកត់សម្គាល់ថា “ប្រហែលមួយភាគបីនៃ ស្រូវសាលីរបស់ពិភពលោក ត្រូវបានផលិតដោយអ៊ុយក្រែន និងរុស្ស៊ី។ ប្រជាជន គឺជាសាក្សីជិតស្និទ្ធនឹង កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់ ក្នុងការចែកចាយស្រូវសាលីនេះ ដល់ប្រទេស ដែលប្រឈមនឹងការ គំរាមកំហែងនៃគ្រោះទុរ្ភិក្ស” ។

ចាប់តាំងពីគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បានដំណើរការនៅក្នុងខែសីហា កប៉ាល់ចំនួន ៤០៨គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន ដោយដឹកស្រូវសាលី ពោត និងគ្រឿងឧបភោគបរិភោគ ផ្សេងទៀតទៅកាន់បរទេស។

កាលពីថ្ងៃសៅរ៍ ដោយចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ច្រករបៀង គ្រាប់ធញ្ញជាតិមនុស្សធម៌ ដើម្បីបើកការវាយប្រហារ ប្រឆាំងនឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន និងមូលដ្ឋានទ័ពជើងទឹក Sevastopol រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។

លោក Erdogan បានបន្ថែមថា “ទោះបីជារុស្ស៊ីស្ទាក់ស្ទើរ ដោយសារតែមិនមាន ភាពងាយស្រួលដូចគ្នា បើធៀបនឹងអ៊ុយក្រែន យើងនឹងបន្តការខិតខំ ប្រឹងប្រែងរបស់យើង ដើម្បីបម្រើមនុស្សជាតិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top