បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Joe Biden “បានខឹងសម្បារ” នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើសុំជំនួយយោធាបន្ថែមទៀតភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានជូនដំណឹងដល់លោកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ញើប្រាក់ចំនួន ១ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍អាមេរិកបានរាយការណ៍ថា លោក Biden បាននិយាយជាមួយលោក Zelensky តាមទូរស័ព្ទកាលពីខែមិថុនា ដោយប្រធានាធិបតីអាមេរិកបានជូនដំណឹងដល់សមភាគីអ៊ុយក្រែនថា លោកបានអនុម័តកញ្ចប់ជំនួយយោធាចំនួន ១ ពាន់លានដុល្លារដល់ទីក្រុង គៀវ ។ លោក Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយសេដ្ឋកិច្ច និងយោធាចំនួន ៤០ពាន់លានដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់ត្រឹមតែប៉ុន្មានសប្តាហ៍មុន ដែលនាំឱ្យចំនួនសរុបដែលបានបែងចែកទៅឱ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោកដល់ជិត ៥៥ ពាន់លានដុល្លារនៅពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ លោក “Biden ស្ទើរតែបានបញ្ចប់ការប្រាប់ Zelensky” អំពីកញ្ចប់ ១ ពាន់លានដុល្លារនៅពេលដែលប្រធានាធិបតីអ៊ុយក្រែន “បានចាប់ផ្តើមរាយបញ្ជីជំនួយបន្ថែមទាំងអស់ដែលលោកត្រូវការ ហើយមិនទទួលបាន” ។
ប្រភពសេតវិមានបាននិយាយថា លោក “Biden បានខឹងសម្បារ” ដោយបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រធានាធិបតីទាំងពីរបានប្រសើរឡើងចាប់តាំងពីពេលនោះមកដែរ៕
ប្រែសម្រួលៈ ណៃ តុលា