ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសពាណិជ្ជករចិនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយ ជាច្រើនម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន (Video)

ភ្នំពេញ៖ បុរសពាណិជ្ជករចិនម្នាក់ កាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង បានបញ្ជូនខ្លួន ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការ សាកសួរ និង ចោទប្រកាន់តាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ ជាច្រើនម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនចិន ដែលខ្លួនបម្រើការងារ ប្រព្រឹត្តនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ Chen Xuewu ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរពាណិជ្ជករ និង ជាប្រធានក្រុមហ៊ុនចិនមួយ មានទីលំនៅដ្ឋាន បច្ចុប្បន្នផ្ទះលេខN១៣៦ ផ្លូវលេខ១១A បុរីពិភពថ្មី គម្រោងទី២ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ Chen Xuewu ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ វិច្ឆិកា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ: រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និង ដោយ តាមពាក្យបណ្តឹងរបស់មេធាវីឈ្មោះ ហេង សុនតុន៕

ដោយ: លីហ្សា

To Top