ក្រសួងសាធារណការ ដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ផ្អើលកំណាត់ផ្លូវជាតិលេខ៥
ភ្នំពេញ៖ ក្រសួងសាធារណការនិងជញ្ជួន បានដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ចំនួន៣គ្រឿង ដោយមានបំពាក់ដោយស្លាកលេខរដ្ឋផង ដែលបង្ករឱ្យមានភាពភ្ញាក់ផ្អើល ជាខ្លាំងដល់អ្នកធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃ១ ខែឧសភា ឆ្នាំ២០២៦នេះ។

យោងតាមសារ របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៥ ដែលអង្គភាពសារព័ត៌មានដើមអម្ពិល ទទួលបាន បានឱ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំគីឡូម៉ែត្រលេខ235 ឆ្ពោះទៅក្រុងបាត់ដំបង មានឡានបែនធន់ធំ ចំនួន៣គ្រឿង ដែលមានពាក់ផ្លាកលេខរដ្ធផង បានធ្វើការបើកបរ កាងពេញផ្លូវ រំខានដល់អ្នកធ្វើដំណើរ ជាពិសេសបង្ករការកកស្ទះចរាចរណ៍បន្ថែមទៀតផងដែរ។

ជុំវិញករណីខាងលើនេះ ក្រសួងសារធារណៈការនិងជញ្ជួនបាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឱ្យដឹងថា នៅវេលាយប់ថ្ងៃទី៣១ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ក្រុមការងារពិសេស ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការនិងជាប្រធានក្រុម សហការជាមួយមន្រ្តីស្ថានីយ ឃ្លាំងមឿង បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុច២ទីតាំងផ្សេងគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- នៅផ្លូវជាតិលេខ៥៥ គ.មលេខ៣ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង ប្រភេទសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦ ដោយផ្ទុកទម្ងន់សរុប ៨៧តោន និង ៩០តោន គិតជាទម្ងន់លេីសស្មេីនឹង ៤២តោន និង ៤៥តោន។
- នៅផ្លូវជាតិលេខ៥ ចន្លោះគ.មលេខ១៩១ និងគ.មលេខ១៩២ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង ប្រភេទរថយន្តភ្លៅ៤ ដោយផ្ទុកទម្ងន់សរុបចន្លោះ៣៨តោន ដល់ ៤៥តោន គិតជាទម្ងន់លើសស្មើនឹង៨តោន រហូតដល់ ១៥តោន៕




