សៀមរាប៖ បន្ទាប់ពីបញ្ចប់កិច្ចសិក្ខាសាលាថ្នាក់អាស៊ានប្រកបដោយជោគជ័យ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជាធ្វើជាម្ចាស់ផ្ទះ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ប.ស.ស. កម្ពុជា បានរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយស ជូនគណៈប្រតិភូនៃរដ្ឋជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលក្នុងនោះរួមមាន តំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា តំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន អង្គការស្ត្រីក្នុងការងារក្រៅប្រព័ន្ធ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសិក្ខាសាលាថ្នាក់អាស៊ាន នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប។
ថ្លែងមតិស្វាគមន៍ ក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោក-លោកស្រី ជាគណៈប្រតិភូ នៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃបំផុត អញ្ជើញចូលរួមកិច្ចសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍” ដ៏មានសារ:សំខាន់មួយនេះ។
លោកប្រតិភូរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា ៖ វត្តមានរបស់លោក-លោកស្រី ជាគណៈប្រតិភូ នៃបណ្តារដ្ឋជាសមាជិកអាស៊ាន ដែលបានអញ្ជើញមកចូលរួមកិច្ចសិក្ខាសាលាថ្នាក់អាស៊ានដ៏មានសារៈនេះ គឺជាការចូលរួមចំណែកមិនអាចកាត់ថ្លៃបាន ក្នុងការចែករំលែក នូវចំណេះដឹង បទពិសោធន៍ ព្រមទាំងមតិយោបល់ល្អៗលើការអនុវត្តជាក់ស្តែង នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងនិន្នាការសកល លើការពង្រីករបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងដំណើរឆ្ពោះទៅមុខជាមួយគ្នា ដើម្បីឈានទៅដល់ ការគ្របដណ្តប់សុខភាពជាសកល (UHC) ព្រមទាំងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ចអាស៊ាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង ជាពិសេសអភិវឌ្ឍន៍ សហគមន៍អាស៊ានរបស់យើងទាំងមូល ឲ្យកាន់តែមានភាពរីកចម្រើនទ្វេឡើងថែមទៀត។
លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានប្រសិទ្ធពរជ័យជូនគណៈប្រតិភូ នៃរដ្ឋជាសមាជិកអាស៊ានទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងមានជោគជ័យ ក្នុងការស្នាក់អាស្រ័យបំពេញការងារនៅទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូបនៃភាពសុខដុមរមនា និងភាពរីកចម្រើនជឿនលឿន របស់ប្រជាជាតិក្នុងតំបន់អាស៊ានទាំងមូល៕