ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីថា រុស្ស៊ី ​​បាន​យល់ព្រម​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ ដោយ​ឥត​គិតថ្លៃ​ ដល់​ប្រទេស​ក្រីក្រ

បរទេស៖ ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតីតួកគី​ បាន​ព្រមព្រៀង​គ្នា​ ក្នុងពេលរហៅ​ទូរសព្ទ​នាពេល​ថ្មីៗ​នេះ ​លើ​ការ​បញ្ជូន​គ្រាប់​ធញ្ញជាតិ ​ទៅ​ប្រទេស​ក្រីក្រ​បំផុត​ ក្នុង​ពិភពលោក​ដោយ​មិន​គិត​ថ្លៃ។​ មេដឹកនាំ​តួកគី លោក Recep Tayyip Erdogan បាន​បង្ហើប​ឱ្យ​ដឹងបែបនេះ ខណៈ​ពេល​ថ្លែង​សុន្ទរកថា ​ទៅ​កាន់​ពាណិជ្ជករ​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ​កាល​ពី​ថ្ងៃ​សុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បានរំលឹកឡើងវិញថា “នៅក្នុងការហៅទូរស័ព្ទរបស់ខ្ញុំ ជាមួយលោក Vladimir Putin គាត់បាននិយាយថា “សូមឱ្យយើងផ្ញើគ្រាប់ធញ្ញជាតិនេះ ទៅកាន់ប្រទេសមួយចំនួនដូចជា Djibouti, Somalia និង Sudan ដោយមិនគិតថ្លៃ” ហើយយើងបានយល់ព្រម” ។

លោក Erdogan បានរំលឹកឡើងវិញដោយមិនផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលគម្រោងនេះអាចដំណើរការបាន។ មកទល់ពេលនេះ ទីក្រុងមូស្គូ មិនទាន់បានចេញការអត្ថាធិប្បាយ ជាផ្លូវការណាមួយ លើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួកគីនោះទេ។

សំណើ​នេះ​កើត​ឡើង​ ចំពេល​មាន​ការ​លំបាក​ក្នុង​កិច្ច​ព្រម​ព្រៀង​ សម្រួល​ដល់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ចរចា​ជា​ដំបូង​ កាល​ពី​ខែ​កក្កដា ហើយ​ត្រូវ​បាន​បង្កើត​ឡើង តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ ​ដែល​មាន​រុស្ស៊ី អ៊ុយក្រែន តួកគី និង​អង្គការ​សហ​ប្រជាជាតិ។ វាត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយ ការនាំចេញកសិផលតាមរយៈសមុទ្រខ្មៅពីកំពង់ផែអ៊ុយក្រែន ដែលត្រូវបានរារាំងដោយសារតែជម្លោះ ដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា

To Top