ភ្នំពេញ៖សម្តេចហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីវៀតណាមមកកម្ពុជា មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរតែ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យទៀតផង។
ការអះអាងនេះខណៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោក ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកកាន់កម្ពុជានាពេលនេះ មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ហើយជាការរួមវិភាគទានមួយដ៏សំខាន់ដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។
សម្តេចបានបញ្ជាក់ថា៖” វត្តមានឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ជាពិសេសក្នុងក្របខណ្ឌនីតិប្រតិបត្តិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ”។
លោក ផាម ម៉ិញជិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីប្រធាន AIPA របស់សភាកម្ពុជា។ លោកបានជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងមហាសន្និបាតអាយប៉ា(AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកានេះ នឹងទទួលបានជោគជ័យ។
លោកនាយករដ្ឋមន្រ្តី ក៏បានអបអរសាទផងដែរចំពោះការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា កាលពីថ្មីៗនេះ។ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ ជាផ្នែកសំខាន់ដែលនឹងនាំឱ្យកម្ពុជាជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ។
ជាមួយគ្នានេះលោក ផាម ម៉ិញជិញ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ពិសេសនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ លោកនិងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្តទៀតនៅច្រើនវិស័យ ដែលបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម។
លោកបានសង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យពាណិជ្ជកម្ម ឱ្យមានការរីកចម្រើនដូចវិស័យនយោបាយដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ មានវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើមនោះ។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា ជាអាទិ៍ AIPA, IPU, APPF, APF និងវេទិកាភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP )ជាដើម៕